អំពីអំបិលកំពតកែបសេចក្តីពិពណ៏នាអំពីផលិតករ
អំបិលកំពតកែបបានចុះឈ្មោះជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលមានលក្ខណះដូចគ្នាទៅនឹងស្រាសាមប៉ាញ (Champagne) របស់ប្រទេសបារាំង និងសាច់ជៀមផាម៉ា (Parma Ham) របស់ប្រទេសអ៊ីតាលី។ ការទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ មានន័យថាបានទទួលស្គាល់លក្ខណះពិសេសេនៃគុណភាពរបស់អំបិលដែលផ្សារភ្ជាប់ទៅនឹងតំបន់ភូមិសាស្ត្រនៃខេត្តកំពត និងខេត្តកែប។ ខាងក្រោមនេះជាសេចក្តីសង្ខេបអំពីកត្តាដែលធ្វើឲ្យអំបិលកំពតកែបមានលក្ខណះពិសេស៖
លោកស្រី ប៉ាក ពៅ ជាផលិតករអំបិលកំពតកែបរស់នៅភូមិស្រែ
“ខ្ញុំមានមោទនភាពណាស់ ដែលគ្រួសាររបស់ខ្ញុំផលិតនូវផលិតផលដែលមានគុណភាពល្អដល់សុខភាពរបស់អ្នក ប្រើប្រាស់’’ លោកស្រី ប៉ាក ពៅ អាយុ ៤៨ ឆ្នាំ មានការសប្បាយចិត្តខ្លាំង នៅពេលដែលនិយាយអំពីការផលិត អំបិលរបស់គាត់។
លោកស្រី និងកូនៗរបស់គាត់ បានផលិតអំបិល អស់រយះពេលជិត ៣០ឆ្នាំ មកហើយ បើគិតតាំងពីថ្ងៃដំបូងដែល ពួកគាត់បាន ចាប់ផ្តើមផលិតអំបិល ដែលមានគុណភាពល្អជាទីគាប់ចិត្តរបស់អ្នកប្រើប្រាស់។ ពួកគាត់បានរៀនពី បច្ចេកទេសផលិតអំបិលពីឪពុក ម្ដាយរបស់ពួកគាត់ ហើយជារៀងរាល់ឆ្នាំ ចាប់ពីខែតុលា ដល់ ខែឧសភា គ្រួសារនេះ បន្តផលិតរអំបិលដោយប្រើប្រាស់បច្ចេកទេស ទាំងនេះ។ ការងារមួយនេះរវល់បន្តិច ដោយពួកគេចាប់ផ្ដើមធ្វើការតាំងពីថ្ងៃមិនទាន់រះ។ នៅម៉ោងប្រហែល ៤ ទៀបភ្លឺ លោកស្រី ប៉ាក ពៅ និងកូនៗរបស់គាត់ បានក្រោកទៅស្រែអំបិលដើម្បីប្រមូលអំបិល។ ការងាររបស់ពួកគេ រួចរាល់នៅវេលា ម៉ោងប្រមាណ ៩ ព្រឹក។ ក្នុងផ្ទៃដី ០៥ ហ.ត ដែលគ្រួសារមួយនេះ ធ្វើអាជីវកម្ម អាចផលិតអំបិលបានប្រមាណ ១៥០ តោន ជារៀងរាល់ឆ្នាំ។ លោកស្រី ប៉ាក ពៅ បានមានប្រសាសន៍ថា “ផលិតអំបិលដែលល្អសម្រាប់សុខភាព ជាអ្វីដែលខ្ញុំចូលចិត្ត’’!
លោកស្រី សែម សារ៉ន ជាផលិតករអំបិលកំពតកែបរស់នៅភូមិស្រែ
លោកស្រី សែម សារ៉ន អាយុ ៤៨ ឆ្នាំ មានប្រសាសន៍ថា គាត់បានចូលរួមផលិតអំបិល ដោយជួយឪពុកម្ដាយ របស់គាត់តាំង ពីគាត់អាយុ ១៤ ឆ្នាំមកម៉្លេះ។ រាល់រដូវប្រាំងតាំងពីពេលដែលគាត់នៅក្មេង ឪពុកម្ដាយរបស់គាត់តែង តែបង្ហាត់ជំនាញដែលពួកគាត់ បានរៀនពីជីដូនជីតារបស់គាត់ដល់គាត់។ លោកស្រី រួមគ្នាជាមួយស្វាមីរបស់គាត់ លោក ចាន់ សារី បានផលិតអំបិលចំនួន ០៥ ហ.ត ដែលនៅតំបន់ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។ លោកស្រី សែម សារ៉ន បានមានប្រសាសន៍ថា “ផលិតអំបិលលើស្រែអំបិល ០៥ ហ.ត គឺជាការងារលំបាកណាស់ ជាពិសេសត្រូវផលិតឲ្យស្របតាមស្តង់ដាម៉ាកសម្គាល់ភូមិសាស្រ្ត’’។
នៅរដូវផលិតអំបិល ពេលវេលាធ្វើការមានរយៈពេលយូរ ប៉ុន្ដែលោកស្រីមិនត្អូញត្អែរទេ។ ប្រាក់ចំណូលដែលគាត់ ទទួលបានពីការ ផលិតអំបិល អាចឲ្យគាត់គិតដល់ផែនការអនាគត់មួយចំនួនដូចជា កែលម្អផ្ទះ និងចំណាយលើការ សិក្សាកូនៗ។ គាត់ដឹងច្បាស់ថា ការប្រឹងប្រែងរបស់គាត់មិនមែនជារឿងអត់ប្រយោជន៌នោះទេ។ នៅពេលរដូវប្រមូលផលចប់ ហើយមេឃធ្លាក់ភ្លៀង លោកស្រី ងាកទៅធ្វើស្រែរហូតដល់រដូវផលិតអំបិលម្តងទៀត។
លក្ខណៈពិសេសនៃតំបន់ភូមិសាស្រ្តអំបិលកំពតកែបប្រវត្តិអំបិលកំពតកែប
ប្រវត្តិអំបិលកំពតកែប
ដោយយោងទៅតាមលទ្ធផលនៃការសក្សារទៅលើ “ប្រវត្តិ និងគុណភាពពិសេសរបស់អំបិលកំពតកែប” បានបញ្ជាក់ថា ផលិតកម្មអំបិលនៅកម្ពុជាមានប្រវត្តិតាំងពីរាប់ពាន់ឆ្នាំមកហើយ។ មានភស្តុតាង និងឯកសារមួយចំនួនបានបង្ហាញថាអំបិលនៅទឹកដីកម្ពុជាមានតាំងពីសតវត្សទី ៧ មកម្ល៉េះ។